កាលបរិច្ឆេទ: ១០ មិថុនា ២០២៥ / សុខភាព / Author : ATH Sokren
កាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ម៉ាក Septyl ដែលជាផលិតផលរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម បានសហការជាមួយគណៈកម្មការរៀបចំមកពីសមាគម The Peak of Dentistry ដើម្បីរៀបចំសន្និសីទនិស្សិតទន្តសាស្រ្តលើកទី៦ ក្រោមប្រធានបទ «នៅពេលដែលភាពជាក់លាក់នៃការវះកាត់ជួបនឹងភាពឥតខ្ចោះនៃសោភ័ណភាព» ដែលប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ។ ឆ្នាំនេះ និស្សិតផ្នែកទន្តសាស្ត្រប្រមាណជិត២០០នាក់មកពីគ្រប់សាកលវិទ្យាល័យត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និសីទនេះផងដែរ។
អ្នកស្រី ជឺ ធីតានិច្ច ប្រធានសមាគម The Peak of Dentistry បានអះអាងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានកិត្យានុភាពនេះប្រមូលផ្តុំទៅដោយនិស្សិតផ្នែកទន្តសាស្រ្ត សាស្រ្តាចារ្យ និងអ្នកជំនាញមកពីគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាដើម្បីស្វែងយល់ពីការវិវត្តន៍នៃទន្តសាស្រ្តសម័យទំនើប ដែលផ្តោតសំខាន់ទៅលើទាំងមុខងារ ទាំងសោភ័ណភាព។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារផ្នែកទីផ្សារនៃសហគ្រាសផលិតឱសថប៉េប៉េអឹមបានណែនាំពីផលិតផលម៉ាក Septyl និងថ្នាំបំបាត់ការឈឺចុកចាប់គីណាល់៕